ត្រឹម៣ថ្ងៃ រឿង​ឈរ​លើតារាង​ Box Office លេខ១​សប្ដាហ៍​នេះ រកចំណូល​បានខ្ទង់​រយ​លាន​ដុល្លារ

“It” ជា​ប្រភេទ​រឿង​បែប​រន្ធត់​ អាថ៌​កំបាំង​ បាន​ដណ្ដើម​លេខ​១​ក្នុង​តារាង​ Box Office សហរដ្ឋអាមេរិក​ជាមួយ​នឹង​ទឹក​ប្រាក់​ដល់​ទៅ ១១៧,១លាន​ដុល្លារ​ ក្នុង​រយៈ​ពេល​តែ​៣​ថ្ងៃ​​សម្រាប់​សប្ដាហ៍​ដំបូង​។
ចំនួន​ទឹក​ប្រាក់​នេះ​គឺ​កំណត់​ថា​ជា​ទឹក​ប្រាក់​ច្រើន​បំផុត​សម្រាប់​រឿង​ដាក់​បញ្ចាំង​ក្នុង​ខែ​កញ្ញា​ បំបាក់​រឿង​ "Hotel Transylvania 2” ដែល​ធ្លាប់​ជា​ម្ចាស់​តំណែង​នេះ​។ "It” គឺ​ជា​ស្នា​ដៃ​ថ្មី​មួយ​របស់​អ្នក​និពន្ធ​ល្បី​ឈ្មោះ​ Stephen King បាន​ទទួល​ការ​ជោគ​ជ័យ​ខ្លាំង ធ្វើ​ឲ្យ​ចំនួន​ទឹក​ប្រាក់​ Box Office មាន​ការ​កើន​ឡើង​ បន្ទាប់​ពី​ចំនួន​ទឹក​ប្រាក់​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ បើ​ប្រៀប​ធៀប​​ពី​ក្នុង​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​នេះ​កាល​ពី​សប្ដាហ៍​មុន។



“It” ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រ​ចេះ​ត្រចង់​យ៉ាងនេះ​ គឺ​បណ្ដាល​មក​ពី​ការ​ផ្សព្វផ្សាយ​បាន​ល្អ និង​មាន​ការ​និយាយ​ត​គ្នា​ពី​មាត់​មួយ​ទៅ​មាត់​មួយ​មិន​ឈប់ ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​សម្រុក​ទៅ​មើល​រឿង​នេះ​យ៉ាង​កុះ​ករ។ រឿង​នេះ​គេ​បានកំណត់​រួច​ហើយ​ថា​ នឹង​ក្លាយ​ជា​រឿង​ដ៏​ល្អ​មួយ​ដែល​អាច​រក​ចំណូល​បាន​យ៉ាង​ច្រើន​ក្នុង​ឆ្នាំ ២០១៧។
តំណែង​លេខ​២​ក៏​បាន​ទៅ​លើ​រឿង​ចំណូល​ថ្មី​ដែរ​ គឺ​រឿង​ "Home Again” ជា​រឿង​សម្ដែង​ដោយ​តារា​សម្ដែង Reese Witherspoon រក​ចំណូល​បាន​ ៩​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​បន្ទាប់​ពី​ដាក់​បញ្ចាំង​។
ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​ ៣​ គឺ​បាន​ទៅ​លើ​រឿង​ "The Hitman's Bodyguard” រក​ប្រាក់បាន​ ៤,៨លាន​ដុល្លារ​ក្នុង​សប្ដាហ៍​ទី​៤។ នេះ​បាន​ធ្វើ​ឲ្យ​ទឹក​ប្រាក់​ចំណូល​​សរុប​តែ​ក្នុង​សហរដ្ឋ​អាមេរិក​ឡើង​ដល់​ ៦៤,៨លាន​ដុល្លារ​ហើយ។

No comments:

Post a Comment